កាតព្វកិច្ចនៃការដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៣

នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៣ និយ័តករគណនេយ្យ និងសវនកម្ម ចេញសេចក្តីជូនដំណឹងលេខ ០៣៨/២៣ ដើម្បីរំលឹកអំពីកាតព្វកិច្ចសវនកម្ម និងគណនេយ្យសម្រាប់ឆ្នាំ ២០២៣។

1.​ ការដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុ

ក. សហគ្រាស និងអង្គភាព ដែលមិនរងសវនកម្មឯករាជ្យ ត្រូវដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុមក ន.គ.ស. ហួសថ្ងៃទី២០ ខែ
មេសា ឆ្នាំ២០២៤។ សហគ្រាស និងអង្គភាពដែលត្រូវបានអនុញ្ញាតឱ្យបិទបញ្ជីគណនេយ្យខុសពី៣១ ខែធ្នូ ត្រូវដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុមក ន.គ.ស. មិនឱ្យហួសរយៈពេល ៣ខែ បូក ២០ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទបិទបញ្ជីតណនេយ្យ។

ខ. សហគ្រាស និងអង្គភាព ដែលរងសវនកម្មឯករាជ្យ ត្រូវដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុរងសវនកម្មរួចមក ន.គ.ស. មិនឱ្យហួសថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤។ សហគ្រាស និងអង្គភាពដែលត្រូវបានអនុញ្ញាតឱ្យបិទបញ្ជីគណនេយ្យខុសពថ្ងៃទី៣១ ខែធ្នូ ត្រូវដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុមក ន.គ.ស. មិនឱ្យហួសរយៈពេល ៦ខែ បូក ២០ថ្ងៃគិតចាប់ពីកាលបរិច្ឆេទបិទបញ្ជីគណនេយ្យ។

2. ត្រូវកាន់បញ្ជីគណនេយ្យឱ្យបានត្រឹមត្រូវ

3. ត្រូវរៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាមស្តង់ដាគណនេយ្យជាធរមាន ឱ្យបានរួចរាល់មិនឱ្យហួសរយៈពេល ៣ខែ គិតចាប់ពីកាលបរិច្ឆេទបិទបញ្ជីគណនេយ្យ។ ស្តង់ដាគណនេយ្យជាធរមាន សំដៅដល់ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ឬស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាស​ធុនតូច និងមធ្យម ឬស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុសម្រាប់អង្គភាពមិនស្វែងរកប្រាក់ចំណេញ។

4. ត្រូវបញ្ចប់ការងារសវនកម្មឯករាជ្យ និងបោះផ្សាយមតិសវនកម្ម លើរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំមិនឱ្យហួស រយៈពេល៦ខែ គិតចាប់ពីកាលបរិច្ឆេទបិទបញ្ជីគណនេយ្យ ប្រសិនបើសហគ្រាស ឬអង្គភាពនោះ ស្ថិតក្នុងលក្ខខណ្ឌ និងលក្ខណវិនិច្ឆ័យដូចមានចែងក្នុងប្រកាសលេខ ៥៦៣ សហវ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ស្តីពីកាតព្វកិច្ចដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យ។

5. ត្រូវមានលេខអត្តសញ្ញាណកម្មរាយការណ៍ហិរញ្ញវត្ថុ (FIN) ដើម្បីអាចដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំរបស់ខ្លួន មក ន.គ.ស. ដោយត្រូវប្រើប្រាស់ប្រព័ន្ធអនឡាញ (e-filing system)។ សហគ្រាស ឬអង្គភាព​ ដែលមិនទាន់មានលេខអត្តសញ្ញាណកម្មរាយការណ៍ហិរញ្ញវត្ថុពី ន.គ.ស. ត្រូវស្នើសុំតាមរយៈតំណភ្ជាប់ https://efiling.acar.gov.kh/auth/logic ដោយត្រូវអនុវត្តតាមបែបបទ និងនីតិវិធីនៃការប្រើប្រាស់ប្រព័ន្ធអនឡាញ។

6. ត្រូវដាក់លិខិតស្នើសុំផ្លាស់ប្តូរលេខ FIN មកន.គ.ស. ឱ្យបានមុន៦០ថ្ងៃ នៃកាលបរិច្ឆេទផុតកំណត់ដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុ ក្នុងករណីសហគ្រាស ឬអង្គភាពបានប្រែប្រួលការចាត់ថ្នាក់ជាសហគ្រាស ឬអង្គភាពរងសវនកម្មឯករាជ្យ​ ឬមិនរងសវនកម្មឯករាជ្យ។ ការយឺតយ៉ាវក្នុងការស្នើសុំប្តូរលេខ FIN នឹងនាំដល់ការយឺតយ៉ាវនៃការដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុមក ន.គ.ស. ដែលជាកម្មវត្ថុនៃការអនុវត្តពិន័យអន្តរការណ៍។

7. សហគ្រាស ឬអង្គភាព ត្រូវបង់កម្រៃសេវាសាធារណៈសម្រាប់ការទទួលរក្សាទុករបាយការណ៍ហិរញ្ញវត្ថុ

8. សហគ្រាស ឬអង្គភាព អាចចាត់តាំងអ្នកតំណាងដើម្បីបំពេញកាតព្ចកិច្ចគណនេយ្យ និងសវនកម្មជាមួយមន្រ្តី ន.គ.ស. បាន។ អ្នកតំណាងអាចជាបុគ្គលិកសហគ្រាស ឬអង្គភាពផ្ទាល់ ឬជាក្រុមហ៊ុនគណនេយ្យ ឬជាក្រុមហ៊ុនសវនកម្មដែលមានអាជ្ញាបណ្ណនៅមានសុពលភាពពី ន.គ.ស.។ រាល់អ្នកតំណាងត្រូវមានលិខិតផ្ទេរសិទ្ធិត្រឹមត្រូវពីម្ចាស់សហគ្រាស ឬប្រធានអង្គភាព។ ម្ចាស់សហគ្រាស និងប្រធានអង្គភាពត្រូវទទួលខុសត្រូវទាំងស្រុងចំពោះរាល់សកម្មភាពរបស់អ្នកតំណាងរបស់ខ្លួន។

9. សហគ្រាស ឬអង្គភាព ត្រូវជ្រើសរើសក្រុមហ៊ុនគណនេយ្យ និង/ឬសវនកម្មណាមួយ ដែលមានអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈគណនេយ្យ និង/ឬសវនកម្ម នៅមានសុពលភាពពី ន.គ.ស.។