ច្បាប់ស្តីពីវិនិយោគ

ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខនស​/រកម/១០២១/០១៤ ថ្ងៃទី១៥ ​ខែតុលា ឆ្នាំ២០២១។ ច្បាប់នេះមានគោលបំណងបង្កើតនូវក្របខ័ណ្ឌគតិយុត្តដែលបើកចំហ  មានតម្លាភាព  អាចប៉ាន់ប្រមាណទុកជាមុនបាន ប្រកបដោយភាពអំណោយផលសម្រាប់ការវិនិយោគ ដើម្បីទាក់ទាញនិងលើកកម្ពស់ការវិនិយោគដោយបុគ្គលសញ្ជាតិខ្មែរឬបរទេសប្រកបដោយគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល សំដៅអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅក្នុងព្រះរាជាណាចក្រកម្ពុជា

ច្បាប់ស្តីពីវិនិយោគថ្មីនេះ​ត្រូវ​បាន​កែសម្រួល​ពី​ច្បាប់​ស្តីពី​វិនិយោគ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​ត្រូវបាន​ព្រះមហាក្សត្រ​ប្រកាស​ឱ្យ​ប្រើប្រាស់​នា​ថ្ងៃទី​ ៥ ខែ សីហា ឆ្នាំ​ ១៩៩៤​។

ច្បាប់ស្តីពីវិនិយោគថ្មីនេះមាន​ ១២ ​ជំពូក និង​ ៤២ ​មាត្រា​។

វិសាលភាព

ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះរាល់គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ គម្រោងពង្រីកនៃតម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងគម្រោងវិនិយោគដែលទទួលបានត្រឹមតែការធានាលើការវិនិយោគដែលបានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឬអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត។

គម្រោងវិនិយោគដែលមានចែងនៅក្នុងច្បាប់មានបី៖

 • គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.គ.)
 • គម្រោងពង្រីកនៃតម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់
 • គម្រោងវិនិយោគដែលទទួលបានត្រឹមតែការធានា។

វិស័យនិងសកម្មភាពវិនិយោគ

វិស័យនិងសកម្មភាពវិនិយោគដូចខាងក្រោម ត្រូវទទួលការលើកទឹកចិត្ត៖

១- ឧស្សាហកម្មដែលមានបច្ចេកវិទ្យាខ្ពស់ ប្រកបដោយនវានុវត្តន៍ និងការស្រាវជ្រាវនិងអភិវឌ្ឍ

២- ឧស្សាហកម្មកម្មន្តសាលថ្មីៗ ផ្តល់តម្លៃបន្ថែមខ្ពស់ មាននវានុវត្តន៍ និងភាពប្រកួតប្រជែងខ្ពស់

៣- ឧស្សាហកម្មបម្រើឱ្យខ្សែច្រវាក់ផលិតកម្មតំបន់និងសកលលោក

៤- ឧស្សាហកម្មគាំទ្រពាក់ព័ន្ធនឹងវិស័យកសិកម្ម ទេសចរណ៍ កម្មន្តសាល ឧស្សាហកម្មបម្រើឱ្យខ្សែច្រវាក់ផលិតកម្មតំបន់និងសកលលោក និងឧស្សាហកម្មតភ្ជាប់បណ្តាញផ្គត់ផ្គង់

៥- ឧស្សាហកម្មគ្រឿងអគ្គិសនីនិងអេឡិចត្រូនិក

៦-  ឧស្សាហកម្មគ្រឿងបន្លាស់ បង្គុំ និងតម្លើង

៧- ឧស្សាហកម្មមេកានិកនិងគ្រឿងម៉ាស៊ីន

៨- កសិកម្ម កសិឧស្សាហកម្ម ឧស្សាហកម្មកែច្នៃផលិតផលកសិកម្ម និងឧស្សាហកម្មកែច្នៃចំណីអាហារដែលបម្រើមីផ្សារក្នុងស្រុកឬការនាំចេញ

៩- សហគ្រាសធូនតួចនិងមធ្យមក្នុងវិស័យអាទិភាព និងការអភិវឌ្ឍបណ្ដុំសហគ្រាសធុនតួច និងមធ្យម សួនឧស្សាហកម្ម និងសួនវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

១០- ឧស្សាហកម្មទេសចរណ៍និងសកម្មភាពពាក់ព័ន្ធនិងទេសចរណ៍

១១- ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស

១២- ឧស្សាហកម្មឌីជីថល

១៣- ការវិនិយោគក្នុងវិស័យអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការជំរុញផលិតភាព

១៤- ការវិនិយោគក្នុងវិស័យសុខាភិបាល

១៥- ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត

១៦- ការវិនិយោគក្នុងវិស័យឡូជីស្ទីក

១៧- ការវិនិយោគក្នុងការគ្រប់គ្រង ការការពារបរិស្ថាន និងការអភិរក្សជីវៈចម្រុញ និងសេដ្ឋកិច្ចចក្រា

១៨- ការវិនិយោគក្នុងវិស័យថាមពលបៃតង បច្ចេកវិទ្យាដែលរួមចំណែកដល់ការបន្សាំ និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ

១៩- វិស័យនិងសកម្មភាពវិនិយោគផ្សេងទៀតដែលមិនមានចែងក្នុងច្បាប់នេះ ក្នុងករណីដែលរាជរដ្ឋាភិបាលយល់ឃើញថាមានសក្តានុពលដល់ការអភិវឌ្ឍសង្គម- សេដ្ឋកិច្ច។

ការលើកទឹកចិត្ត

សកម្មភាពវិនិយោគដែលបានចុះបញ្ជីជា គ.ល.គ. មានសិទ្ធិជ្រើសរើសការលើកទឹកចិត្តជាមូលដ្ឋានជាពីរជម្រើសជួចខាងក្រោម៖

១. ជម្រើសទី១

 • ការលើកលែងពន្ធលើប្រាក់ចំណូល សម្រាប់រយៈពេលចាប់ពី៣ (បី)ឆ្នាំ រហូតដល់៩ (ប្រាំបួន)ឆ្នាំ ទៅតាមវិស័យនិងសកម្មភាពវិនិយោគ គិតចាប់ពីពេលដែលទទួលបានប្រាក់ចំណូលលើកដំបួង។ វិស័យនិងសកម្មភាពវិនិយោគ ព្រមនាំងរយៈពេលលើកលែងពន្ធលើប្រាក់ចំណូល នឹងត្រូវកំណត់ក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង និង/ឬអនុក្រឹត្យ។ បន្ទាប់ពីផុតរយៈពេលលើកលែងពន្ធលើប្រាក់ចំណូល គ.ល.គ. មានសិទ្ធិទទួលបានការលើកទឹកចិត្តឱ្យបង់ពន្ធលើប្រាក់ចំណូលតាមអត្រាកំណើនតាមពេលធៀបទៅទឹកប្រាក់ពន្ធត្រូវបង់សរុប ដូចខាងក្រោម៖
 • ២៥(ម្ភៃប្រាំ)ភាគរយ សម្រាប់២(ពីរ) ឆ្នាំដំបូង
 • ៥០(ហាសិប)ភាគរយ សម្រាប់២(ពីរ)ឆ្នាំបន្ទាប់ និង
 • ៧៥(ចិតសិបប្រាំ)ភាគរយ សម្រាប់២(ពីរ)ឆ្នាំចុងក្រោយ។
 • ទទួលបានការលើកលែងប្រាក់រំដោះពន្ធលើប្រាក់ចំណូល ក្នុងអំឡុងពេលលើកលែងពន្ធលើប្រាក់ចំណូល។
 • ទទួលបានការលើកលែងពន្ធអប្បបរមា ដោយត្រូវមានរបាយការណ៍សវនកម្មឯករាជ្យ។
 • ទទួលបានការលើកលែងអាករនាំចេញ លើកលែងតែមានចែងដោយឡែកនៅក្នុងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត។ ឬ

២. ជម្រើសទី២

 • មានសិទ្ធិកាត់កងចំណាយមួលធនតាមរយៈរំលស់ពិសេស ដូចមានចែងក្នុងបទប្បញ្ញត្តិស្តីពីពន្ធដារជាធរមាន។
 • មានសិទ្ធិកាត់កងរហូតដល់២០០(ពីររយភាគរយ លើចំណាយជាក់លាក់ផ្សេងទៀត សម្រាប់រយៈពេលរហូតដល់៩(ប្រាំបួន)ឆ្នាំ។ វិស័យ និងសកម្មភាពវិនិយោគ និងចំណាយជាក់លាក់ព្រមទាំងរយៈពេលកាត់កងចំណាយ ត្រូវកំណត់ក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងនិង/ ឬ អនុក្រឹត្យ។
 • ទទួលបានការលើកលែងប្រាក់រំដោះពន្ធលើប្រាក់ចំណូល ក្នុងរយៈពេលជាក់លាក់ណាមួយទៅតាមវិស័យ និងសកម្មភាពវិនិយោគ ដែលត្រូវកំណត់ក្នុងច្បាប់សី្តពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង និង/ ឬ អនុក្រឹត្យ។
 • ទទួលបានការលើកលែងពន្ធអប្បបរមា ដោយត្រូវមានរបាយការណ៏សវនកម្មឯករាជ្យ។
 • ទទួលបានការលើកលែងអាករនាំចេញ លើកលែងតែមានចែងដោយឡែកនៅក្នុងច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមានផ្សេងទៀត។

ក្រៅពីការលើកទឹកចិត្តក្នុងកថាខណ្ឌទី១នៃមាត្រានេះ៖

ក. គ.ល.គ.  បម្រើឱ្យការនាំចេញ និង គ.ល.គ. ដែលជាប្រភេទឧស្សាហកម្មគាំទ្រដល់ គ.ល.គ. បម្រើឱ្យការនាំចេញ  មានសិទ្ធិនាំចូលដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋនូវសម្ភារៈសាងសង់ បរិក្ខារសំណង់ សម្ភារៈបរិក្ខារផលិតកម្ម និងធាតុចូលផលិតកម្ម។

ខ. គ.ល.គ. បម្រើទីផ្សារក្នុងស្រុក មានសិទ្ធិនាំចូលដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋនូវសម្ភារៈសាងសង់ បរិក្ខារសំណង់ និងសម្ភារៈបរិក្ខារផលិតកម្ម។​ការលើកទឹកចិត្តចំពោះធាតុចូលផលិតកម្ម ត្រូវកំណត់ក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង និង/ឬ អនុក្រឹត្យ។

គ.ល.គ. ដែលមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មានសិទ្ធិទទួលបាននូវការលើកទឹកចិត្តនិងការការពារដូចគ្នានីង គ.ល.គ. ផ្សេងៗទៀត ដូចមានចែងក្នុងច្បាប់នេះ។