សវនកម្មពន្ធដារ
Applicable Industries: គ្រប់វិស័យ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញ ប្រកាសលេខ ២៧០ សហវ.ប្រក ស្តីពីសវនកម្ម​ពន្ធដារ ចុះថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០១៩។ ប្រកាសនេះ មានគោលដៅកំណត់នូវវិធាននិងនីតិវិធី ព្រមទាំងសិទ្ធិនិងកាតព្វកិច្ចរបស់រដ្ឋបាលសារពើពន្ធនិងអ្នកជាប់ពន្ធ ពាក់ព័ន្ធនឹងការធ្វើសវនកម្មពន្ធដារ។

សវនកម្មពន្ធដារមានបីប្រភេទ

  • សវនកម្មលើលិខិតស្នាម ត្រូវបានធ្វើឡើងនៅទីកន្លែងរដ្ឋបាលសារពើពន្ធ។ ការធ្វើសវនកម្មលើលិខិតស្នាម គឺជាការពិនិត្យវិនិច្ឆ័យលើលិខិតប្រកាសសារពើពន្ធ ដែលមានភាពមិនប្រក្រតី ឬភាពមិនស៊ីសង្វាក់គ្នារវាងលិខិតប្រកាសសារពើពន្ធដើម្បីធានាបាននូវភាពត្រឹមត្រូវក្នុងការប្រកាសបង់ពន្ធរបស់អ្នកជាប់ពន្ធ។ ជាទូទៅសវនកម្មនេះ ត្រូវផ្តោតសំខាន់ទៅលើចំណុចមិនប្រក្រតីច្បាស់លាស់និងងាយស្រួលដោះស្រាយដែលបានរកឃើញលើលិខិតប្រកាសសារពើពន្ធ ដូចជាការផ្គៀងផ្ទាត់លិខិតប្រកាសពន្ធជាមួយនឹងព័ត៌មានដែលរដ្ឋបាលសារពើពន្ធទទួលបានពីប្រភពផ្សេងៗជាជើម។ ក្នុងនោះរដ្ឋបាលសារពើពន្ធអាចអញ្ជើញអ្នកជាប់ពន្ធមកបំភ្លឺនិងបង្ហាញឯកសារទាក់ទិននឹងភាពមិនប្រក្រតីដែលបានរកឃើញលើលិខិតប្រកាសសារពើពន្ធ។ ក្នុងករណីដែលហានិភ័យទាំងឡាយដែលរកឃើញមានលក្ខណៈ ស្នុគស្នាញជាប្រព័ន្ធ ឬមានហានិភ័យខ្ពស់ ការធ្វើសវនកម្មលើលិខិតស្នាមត្រូវបញ្ចប់និងផ្ទេរទៅជាការធ្វើសវនកម្មដល់ទីកន្លែងវិញ។ សវនកម្មប្រភេទនេះ ត្រូវធ្វើក្នុងអំឡុងពេល ១២ ខែ ក្រោយថ្ងៃដាក់លិខិតប្រកាសសារពើពន្ធ។
  • សវនកម្មមានកម្រិត គីជាការធ្វើសវនកម្មរយះពេលខ្លីនិងភ្លាមៗទៅលើប្រភេទពន្ធអាករមួយចំនួន ជាអាទិ៍មានអាករពិសេសលើទំនិញនិងសេវាមួយចំនួន អាករសម្រាប់បំភ្លឺសាធារណៈ អាករលើតម្លៃបន្លែមរួមទាំងការបង្វិលសង និងពន្ធអាករផ្សេងទៀតវៀរលែងតែពន្ធលើប្រាក់ចំណូល ដោយពិនិត្យទៅលើចំណុចដែលជាហានិភ័យទាំងឡាយក្នុងគណនេយ្យ និងឯកសារពាក់ព័ន្ធ។ សវនកម្មនេះអាចធ្វើឡើងចំពោះតែរយៈពេលជាប់ពន្ធក្នុងឆ្នាំជាប់ពន្ធចរន្ត (N) និងជាប់ពន្ធមុនឆ្នាំជាប់ពន្ធចរន្ត (N-1)។
  • សវនកម្មពេញលេញ គីជាការធ្វើសវនកម្មលើពន្ធអាករគ្រប់ប្រភេទ និងវាយតម្លៃលើការកាន់កាប់បញ្ជីគណនេយ្យរបស់សហគ្រាស ដោយត្រូវធ្វើការត្រួតពិនិត្យជាក់ស្តែងលើប្រតិបត្តិការអាជីវកម្ម ផ្ទៀងផ្ទាត់ទៅនឹងបញ្ជីគណនេយ្យ របាយការណ៍ហិរញ្ជវត្ថុ ឯកសារផ្សេងៗដែលពាក់ព័ន្ធនឹងអាជីវកម្ម ដើម្បីធានាថាសហគ្រាសបានរៀបចំរបាយការណ៍គណនេយ្យ និងរបាយការណ៍ហិរញ្ញវត្ថុបានត្រឹមត្រូវតាមច្បាប់ជាធរមាន និងបានបំពេញកាតព្វកិច្ចបង់ពន្ធត្រឹមត្រូវតាមច្បាប់និងបទប្បញ្ញត្តិស្តីពីពន្ធដារ។ សវនកម្មនេះ អាចធ្វើឡើងក្នុងរង្វង់៣ឆ្នាំជាប់ពន្ធថយក្រោយ (N-3) ប៉ុណ្ណោះ។ ក្នុងករណីមានភស្តុតាងច្បាស់លាស់អំពីការគេចវេះពន្ធ ឬមានការយោងការខាតបង់ ឬមានឥណទានយោងពីឆ្នាំជាប់ពន្ធ ឬរយៈពេលជាប់ពន្ធមុន ដែលតម្រូវឱ្យមានការធ្វើសវនកម្មពេញលេញលើសពី៣ឆ្នាំជាប់ពន្ធថយក្រោយ សវនកម្មពេញលេញអាចធ្វើឡើងក្នុងរង្វង់៥ឆ្នាំជាប់ពន្ធថយក្រោយ។ ក្នុងករណីចាំបាច់និងមានភស្តុតាងច្បាស់លាស់អំពីការគេចវេះពន្ធ ដែលតម្រូវឱ្យមានការធ្វើសវនកម្មពេញលេញលើសពី៥ឆ្នាំជាប់ពន្ធថយក្រោយ សវនកម្មពេញលេញអាចធ្វើឡើងស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីសារពើពន្ធ ដោយត្រូវស្នើសុំការអនុញ្ញាតធ្វើសវនកម្មជាមុនពីរដ្ឋមន្ត្រីនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលើករណីជាក់ស្តែងនីមួយៗ។

ការជ្រើសរើសសហគ្រាសធ្វើសវនកម្ម

ការជ្រើសរើសសហគ្រាសធ្វើសវនកម្មត្រូវធ្វើឡើងដោយផ្នែកលើលក្ខណៈវិនិច្ឆ័យដូចខាងក្រោម៖

  • ការវិភាគហានិភ័យ
  • លទ្ធផលបានមកពីការផ្ទៀងផ្ទាត់ផ្គូផ្គងព័ត៌មាន (Crosscheck)
  • ព័ត៌មានទទួលបានពីតតិយជន
  • ព័ត៌មានអំពីប្រភេទពន្ធឬវិស័យជាក់លាក់ណាមួយ
  • ព័ត៌មានរបស់ក្រុមអ្នកជាប់ពន្ធណាមួយ
  • ទីតាំងរបស់សហគ្រាស។ល។

ពេលវេលាការធ្វើសវនកម្ម

មុនពេលចាប់ផ្តើមសវនកម្ម រដ្ឋបាលសារពើពន្ធត្រូវជូនដំណឹងស្តីពីការធ្វើសវនកម្មដល់អ្នកជាប់ពន្ធ ឬតំណាងអ្នកជាប់ពន្ធជាមុន។ លិខិតជូនដំណឹងត្រូវមានសេចក្តីបញ្ជាក់អំពី៖

- ឈ្មោះ អាសយដ្ឋាន លេខអត្តសញ្ញាណកម្មសារពើពន្ធរបស់សហគ្រាស

- កាលបរិច្ឆេទនៃការចុះធ្វើសវនកម្ម

- ការិយបរិច្ឆេទ (រយៈពេលជាប់ពន្ធ ឬឆ្នាំជាប់ពន្ធ) ដែលត្រូវធ្វើសវនកម្ម

- ប្រភេទសវនកម្ម (សវនកម្មលើលិខិតស្នាម សវនកម្មមានកម្រិត ឬសវនកម្មពេញលេញ)

- ឈ្មោះមន្ត្រីដែលទទួលភារកិច្ចធ្វើសវនកម្ម។

សវនកម្មអាចត្រូវបានចាប់ផ្តើម ១០ថ្ងៃដល់អ្នកជាប់ពន្ធ ឬឆាប់ជាងនេះដោយយោងតាមសំណើរបស់អ្នកជាប់ពន្ធ។ ក្នុងករណីពិសេសដោយផ្នែកតាមមាត្រា១០០ និងមាត្រា១១៦ នៃច្បាប់ស្តីពីសារពើពន្ធ រដ្ឋបាលសារពើពន្ធអាចចុះធ្វើសវនកម្មដោយមិនចាំបាច់ជូនដំណឹងជាមុនដល់អ្នកជាប់ពន្ធ។

ក្នុងករណីដែលមានឯកសារគ្រប់គ្រាន់ រយៈពេលធ្វើសវនកម្មត្រូវបានកំណត់យ៉ាងយូរបំផុត ០៣ ខែ សម្រាប់សវនកម្មលើលិខិតស្នាមនិងសវនកម្មមានកម្រិត និងរយៈពេល 0៦ ខែ សម្រាប់សវនកម្មពេញលេញ។

ការស្នើសុំពន្យារពេលធ្វើសវនកម្ម

ក្នុងករណីមិនអាចទទ្ឋលការធ្វើសវនកម្មដូចមានចែងក្នុងប្រការ៩ នៃប្រកាសនេះ អ្នកជាប់ពន្ធអាចស្នើសុំពន្យារពេលចុះធ្វើសវនកម្មដោយផ្អែកលើមូលហេតុសមស្រប ដោយមិនឱ្យលើសពី ៣០ថ្ងៃ ក្រោយថ្ងៃត្រូវចុះធ្វើសវនកម្មដែលមានចែងក្នុងលិខិតជូនដំណឹងស្តីពីការធ្វើសវនកម្មឡើយ។ ក្នុងករណីរយៈពេលស្នើសុំតិចជាង ១០ថ្ងៃ អ្នកជាប់ពន្ធអាចធ្វើឡើងដោយផ្ទាល់មាត់មកសវនករពន្ធដារ។ ក្នុងករណីរយៈពេលស្នើសុំចាប់ពី ១០ថ្ងៃ ដល់ ៣០ថ្ងៃ អ្នកជាប់ពន្ធត្រវធ្វើការស្នើសុំជាលាយលក្ខណ៍អក្សរមកប្រធាននាយកដ្ឋាន ឬប្រធានសាខាពន្ធដារខេត្ត- ខណ្ឌ។

 

ការពន្យល់អំពីលទ្ធផលសវនកម្ម

ក្រោយការត្រួតពិនិត្យឯកសារ សវនករពន្ធដារត្រូវធ្វើការបូកសរុបលទ្ធផលសវនកម្មដោយត្រូវពន្យល់អ្នកជាប់ពន្ធ

ក- ការយល់ស្របឬមិនយល់ស្របនូវចំណែកណាមួយឬទាំងស្រុងនៃការប្រកាសបង់ពន្ធរបស់អ្នកជាប់ពន្ធ

ខ- ការប្រព្រឹត្តិល្មើសនឹងបទប្បញ្ញត្តិស្តីពីពន្ធដារដែលបានរកឃើញ

គ- មូលដ្ឋាននិងបទប្បញ្ញត្តិពន្ធដារពាក់ព័ន្ធដែលទាក់ទិននឹងការកំណត់ពន្ធ

ឃ-ប្រាក់ពន្ធដែលនឹងត្រូវកំណត់ឡើងវិញ។

អ្នកជាប់ពន្ធអាចធ្វើការបញ្ចេញយោបល់ ដែលក្នុងនោះ អាចយល់ស្របឬជំទាស់នូវចំណែកណាមួយឬទាំងស្រុងនៃលទ្ធផលសវនកម្មដួចក្នុងកថាខណ្ឌ១ នៃប្រការនេះ ដោយត្រូវបង្ហាញឯកសារបន្ថែមដែលគាំទ្រដល់ការជំទាស់របស់ខ្លួន។ ប្រសិនបើអ្នកជាប់ពន្ធពុំមានការអះអាងសមស្រប និងបង្ហាញនូវឯកសារគាំទ្រគ្រប់គ្រាន់ដល់ការជំទាស់របស់ខ្លួនសវនករពន្ធដារត្រូវបញ្ជាក់ជូនអ្នកជាប់ពន្ធអំពីការមិនឯកភាពលើការជំទាស់នោះ ។

 

លិខិតជូនដំណឹងស្តីពីការកំណត់ពន្ធឡើងវិញ

ក្រោយពីបញ្ចប់ការធ្វើសវនកម្ម សវនករពន្ធដារត្រូវធ្វើរបាយការណ៍អំពីលទ្ធផលសវនកម្ម ដែលក្នុងនោះអាចមានឬគ្មានទឹកប្រាក់កំណត់ពន្ធឡើងវិញ ហើយលិខិតជូនដំណឹងស្តីពីការកំណត់ពន្ធឡើងវិញត្រូវបានប្រគល់ជូនអ្នកជាប់ពន្ធឬអ្នកតំណាង។

ក្នុងករណីយល់ស្របតាមការកំណត់ពន្ធឡើងវិញរបស់រដ្ឋបាលសារពើពន្ធ អ្នកជាប់ពន្ធត្រូវបង់ប្រាក់ពន្ធ ពន្ធនិងការប្រាក់ដែលបានកំណត់ តាមកាលបរិច្ឆេទនៃការជូនដំណឹងជាលាយលក្ខណអក្សរ ដូចមានចែងក្នុងបទប្បញ្ញត្តិពន្ធដារ។

 

ការតវ៉ាចំពោះការកំណត់ពន្ធឡើងវិញ

អ្នកជាប់ពន្ធដែលមិនយល់ស្របនូវចំណែកណាមួយឬទាំងស្រុងនៃការកំណត់ពន្ធដែលបានតវ៉ាទៅអង្គភាពកំណត់ពន្ធដារមានចែងក្នុងកថាខណ្ឌ៣ នៃប្រការ១៥ នៃប្រកាសនេះ មានសិទ្ធិតវ៉ាជាលាយលក្ខណ៍អក្សរទៅអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារក្នុងអំឡុងពេល ៣០ ថ្ងៃ ក្រោយពេលទទួលបានលិខិតជូនដំណឹងទារបំណុលពន្ធ ដោយភ្ជាប់មកជាមួយនូវលិខិតដែលបានតវ៉ាទៅអង្គភាពកំណត់ពន្ធ និងភស្តុតាងនានាដែលបញ្ជាក់ថាការកំណត់ពន្ធមិនត្រឹមត្រូវ។ វិធាននិងនីតិវិធីនៃការតវ៉ាត្រូវអនុវត្តតាមខ្លឹមសារនៃប្រកាសលេខ ១៤៧០ សហវ, ប្រក ចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ដីពីវិធាននិងនីតិវិធីនៃការដោះស្រាយបណ្តឹងតវ៉ាពន្ធដារ។