ការប្រើប្រាស់ភាសា និងរូបិយប័ណ្ណក្នុងបញ្ជីគណនេយ្យ និងរបាយការណ៍ហិរញ្ញវត្ថុ
Applicable Industries: កសិកម្ម

នៅថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២១ និយតករគណនេយ្យ និងសវនកម្ម បានចេញសារាចរលេខ ០០៩ ស្តីពីការប្រើប្រាស់ភាសាខ្មែរ និងរូបិយប័ណ្ណក្នុងបញ្ជីគណនេយ្យ និងរបាយការណ៍ហិរញ្ញវត្ថុ ("សារាចរ 009") ដែលចូលជាធរមានចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២។

អនុលោមតាមព្រះរាជក្រឹត្យលេខ នស/រកម/០៤១៦/០០៦ ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម និងអនុក្រឹត្យលេខ ៧៩ អនក្រ.បក ចុះថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២០ បង្ហាញពីពិន័យអន្តរការណ៍ចំពោះអំពើល្មើសទៅនឹងច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងក្នុងគោលបំណងសម្រួលដល់ការធ្វើធុរកិច្ចរបស់ធុរជនដោយអាចរក្សាបានគុណតម្លៃនៃភាសាខ្មែរ និងប្រាក់រៀល។ ចុចទីនេះ ដើម្បីស្វែងយល់បន្ថែមច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម និងចុចទីនេះ ដើម្បីស្វែងយល់ពីអនុក្រឹត្យលេខ ៧៩។

សេចក្តីលម្អិតនៃសារាចរ ០០៩ មានដូចតទៅ៖

សហគ្រាស ឬអង្គភាពមិនស្វែងរកប្រាក់ចំណេញ  អាចប្រើប្រាស់ភាសាអង់គ្លេសនៅក្នុងប្រព័ន្ធគណនេយ្យកុំព្យូទ័រនិង និង/ឬប្រព័ន្ធកុំព្យូទ័រដែលពាក់ព័ន្ធផ្សេងៗទៀត ដើម្បីកត់ត្រាប្រតិបត្តិការគណនេយ្យ ក្នុងករណីដែលសហគ្រាស ឬ អង្គភាពមិនស្វែងរកប្រាក់ចំណេញ ពុំទាន់អាចរកបានប្រព័ន្ធគណនេយ្យទាំងនោះ ដែលអាចគាំទ្រភាសាខ្មែរបាន។ សហគ្រាស ឬ អង្គភាពមិនស្វែងរកប្រាក់ចំណេញ ពុំបានតម្រូវឱ្យស្នើសុំលើការប្រើប្រាស់ភាសាអង់គ្លេសក្នុងប្រព័ន្ធកុំព្យូទ័រទាំងនោះឡើង ប៉ុន្តែ ត្រូវតែជូនដំណឹងជាផ្លូវការទៅកាន់និយ័តករគណនេយ្យ និងសវនកម្ម ដោយបញ្ជាក់យ៉ាងច្បាស់អំពីឈ្មោះបច្ចុប្បន្ន និងប្រភពនៃកម្មវិធីគណនេយ្យដែលបានជ្រើសរើសរបស់ពួកគេ។

ឯកសារគណនេយ្យផ្ទៃក្នុងដែលគាំទ្រដល់កិច្ចបញ្ជីការគណនេយ្យ ត្រូវជាភាសាខ្មែរ។ ឯកសារទាំងនេះ អាចត្រូវបានអនុញ្ញាត​ឱ្យប្រើ​ភាសា​អង់គ្លេស​ អម​ភាសា​ខ្មែរ។ ចំពោះឯកសារគណនេយ្យដែលបង្កើតចេញពីប្រព័ន្ធកុំព្យូរទ័រដែលមិនអាចប្រើភាសាខ្មែរបានដូចមានចែងក្នុងចំណុចទី ១ ខាងលើ និងឯកសារគណនេយ្យដែលរៀបចំ និងផ្តល់ដោយដៃគូធុរកិច្ចបរទេស ឬដោយអង្គការដៃគូ ឬម្ចាស់ជំនួយនិធិបរទេស ឬសម្រាប់ធុរកិច្ចជាមួយដៃគូធុរកិច្ចបរទេស ឯកសារទាំងនោះ អាចជាភាសាអង់គ្លេសបាន។ ក្នុងករណីឯកសារគាំទ្រការធ្វើធុរកិច្ច ឬប្រតិបត្តិការ ក្រៅពីភាសាខ្មែរ ឬភាសាអង់គ្លេស សហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញ ទទួលខុសត្រូវបកប្រែឯកសារទាំងនោះជាភាសាខ្មែរ ឬភាសាអង់គ្លេស ដោយមានប្រថាប់ត្រារបស់សហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញផ្ទាល់។ ឧទាហរណ៍៖ កិច្ចព្រមព្រៀងលក់ ទិញដែលត្រូវបានរៀបចំជាភាសាបរទេស (ក្រៅពីភាសាអង់គ្លេស) សហគ្រាស ឬ អង្គភាពមិនស្វែងរកប្រាក់ចំណេញ នឹងត្រូវបកប្រែកិច្ចសន្យានោះជាភាសាខ្មែរ ឬភាសាអង់គ្លេស ដោយមានហត្ថលេខាទទួលស្គាល់លើខ្លឹមសារនៃអត្ថបទបកប្រែរបស់ម្ចាស់សហគ្រាស ឬ អ្នកមានសិទ្ធិ និងមានប្រថាប់ត្រារបស់សហគ្រាស ឬ អង្គភាពមិនស្វែងរកប្រាក់ចំណេញ ។

សហគ្រាស ឬ ឬ អង្គភាពមិនស្វែងរកប្រាក់ចំណេញ អាចជ្រើសរើសប្រាក់រៀលខ្មែរ  ឬរូបិយប័ណ្ណបរទេសផ្សេងទៀតជារូបិយប័ណ្ណមុខងារ តាមគោលនយោបាយគណនេយ្យរបស់ខ្លួន ដោយអនុលោមតាមស្តង់ដារគណនេយ្យជាធរមានសម្រាប់កត់ត្រាប្រតិបត្តិការគណនេយ្យប្រចាំថ្ងៃ។

សហគ្រាស ឬ អង្គភាពមិនស្វែងរកប្រាក់ចំណេញ ត្រូវតែរៀបចំរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំរបស់ខ្លួនជាភាសាខ្មែរ ហើយដាក់ជាប្រាក់រៀល ឬបង្ហាញជារូបិយប័ណ្ណប្រាក់រៀលផង និងរូបិយប័ណ្ណបរទេស ដោយអនុលោមតាមអត្រាប្តូរប្រាក់ស្តង់ដារគណនេយ្យជាធរមាន ដោយប្រើអត្រាប្តូរប្រាក់ផ្លូវការដែលបានបោះផ្សាយដោយធនាគារជាតិនៃកម្ពុជា ហើយត្រូវបញ្ជូនបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំនោះ មកនិយ័តករគណនេយ្យ និងសវនកម្ម យោងដើម្បីជាកម្មវត្ថុនៃការរក្សាទុក និងការត្រួតពិនិត្យលើកម្រិតអនុលោមភាព ស្របតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។

ចំពោះសហគ្រាសដែលធ្វើប្រតិបត្តិការប្រេងក្នុងដែនអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា ត្រូវអនុវត្តតាម ប្រកាសលេខ ៥៦៣ សហវ.ប្រក ចុះថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០១៨ ស្តីពីការណែនាំអនុវត្តបទប្បញ្ញត្តិពន្ធលើប្រតិបត្តិការប្រេងឥន្ធនៈ។

ក្នុងអំឡុងពេលនៃការអនុវត្តសារាចរណែនាំនេះ  និយ័តករគណនេយ្យ និងសវនកម្ម ត្រូវពិនិត្យ តាមដាន និងវាយតម្លៃលទ្ធភាពនៃការកាន់បញ្ជីគណនេយ្យជាភាសាខ្មែរ និងជាប្រាក់រៀល។

និយ័តករគណនេយ្យ និងសវនកម្ម អាចស្នើសុំឡើងនូវវិធានចាំបាច់នានាបន្ថែម សម្រាប់ការអនុវត្តសារាចរនេះ។