ប្រកាសលេខ ៥៤៣ ស្ដីពីពន្ធលើប្រាក់បៀវត្ស ចុះថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសលេខ ៥៤៣ ស្ដីពីពន្ធលើប្រាក់បៀវត្ស ចុះថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១។

ប្រកាសនេះ​ កែសម្រួលនិងធ្វើបច្ចុប្បន្នភាពឯកសារច្បាប់ផ្សេងៗពាក់ព័ន្ធនឹងពន្ធលើប្រាក់បៀវត្ស ដើម្បីឆ្លើយតបទៅនឹងសេដ្ឋកិច្ចកម្ពុជាដែលកំពុងលូតលាស់យ៉ាងឆាប់រហ័សនិងធានានូវប្រសិទ្ធភាពនៃការប្រមូលចំណូលពន្ធ។

ប្រកាសនេះបានបកស្រាយនូវនិយមន័យសំខាន់ៗ ទាក់ទងប្រាក់បៀវត្ស អត្ថប្រយោជន៍បន្ថែម។

ប្រាក់បៀវត្សជាប់ពន្ធ គឺជាប្រាក់ចំណូលបៀវត្សទាំងអស់ដែលបានទទួលពីសកម្មភាពបម្រើការងារនានា វៀរលែងតែអត្ថប្រយោជន៍ ដូចមានចែងក្នុងប្រកាសនេះ។ ប្រាក់បៀវត្សជាប់ពន្ធប្រចាំខែ ត្រូវបានកំណត់ដូចខាងក្រោម៖

១ ចំពោះនិយោជិតនិវាសនជនរួមមាន៖

ក ប្រាក់បៀវត្សប្រភពកម្ពុជា

ខ ប្រាក់បៀវត្សប្រភពបរទេស

គ ប្រាក់បុរេប្រទាន ប្រាក់ឱ្យខ្ចីឬប្រាក់រំដោះ ដែលនិយោជកបានបើកឱ្យនិយោជិត។ ប្រាក់បុរេប្រទាន ប្រាក់ឱ្យខ្ចីឬប្រាក់រំដោះ ត្រូវបូកបន្ថែមលើបៀវត្សជាប់ពន្ធនៃខែដែលប្រាក់ទាំងនោះបានបើក ហើយត្រូវកាត់បន្ថយពីប្រាក់បៀវត្សក្នុងខែដែលនិយោជិតបានបង់សងវិញ។

២ ចំពោះនិយោជិតអនិវាសនជន ប្រាក់បៀវត្សជាប់ពន្ធរួមមានប្រាក់បៀវត្សប្រភពកម្ពុជា

ផ្អែកលើការបង្ហាញភ័ស្តុតាងនៃស្ថានភាពគ្រួសារ និយោជិត​ និវាសនជនណាមួយដែលមាន៖

ក. កូនស្ថិតក្នុងបន្ទុកនាពេលដែលត្រូវបង់ពន្ធ ត្រូវបានទទួលនូវការបន្ថយមូលដ្ឋានគិតពន្ធចំនួន ១៥០ ០០០ រៀល ក្នុងកូនម្នាក់ៗក្នុងមួយខែ

ខ. សហព័ទ្ធដែលធ្វើតែមេផ្ទះ ត្រូវបានទទួលនូវការបន្ថយមូលដ្ឋានគិតពន្ធចំនួន១៥០ ០០០ រៀល ក្នុងកូនម្នាក់ៗក្នុងមួយខែ

គ. ចំពោះគ្រួសារមួយដែលមានឪពុកនិងម្តាយមានប្រាក់បៀវត្សជាប់ពន្ធទាំងពីរនាក់ ការកាត់បន្ថយមូលដ្ឋានគិតពន្ធសម្រាប់កូនស្ថិតក្នុងបន្ទុក អាចអនុវត្តបានតែចំពោះប្រាក់បៀវត្សរបស់ឪពុក ឬម្តាយតែម្នាក់ប៉ុណ្ណោះ។

អត្ថប្រយោជន៍ដែលនិយោជកផ្តល់ឱ្យដោយផ្ទាល់ ឬដោយប្រយោលដល់រូបវន្តបុគ្គល ត្រូវជាប់ពន្ធលើអត្ថប្រយោជន៍បន្ថែម។ អត្ថប្រយោជន៍ទាំងនោះ ជាអាទិ៍មាន៖

  • យានជំនិះគ្រប់ប្រភេទ
  • ម្ហូបអាហារ
  • លំនៅឋាន ការស្នាក់នៅ
  • ទឹក ភ្លើង ទូរស័ទ្ទ
  • អ្នកបម្រើការងារក្នុងលំនៅឋាន
  • ប្រាក់​កម្ចី​ដោយ​ការ​ប្រាក់​ទាប​ជាង​ការ​ប្រាក់​ទីផ្សារ។ អត្រាការប្រាក់ទីផ្សារដែលអាចអនុវត្តបានត្រូវកំណត់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ សូមចុចទីនេះសម្រាប់ការអត្រាការប្រាក់ទីផ្សារសម្រាប់ឆ្នាំ 2021។

ប្រកាសលេខ ១១៧៣ ស្ដីពីពន្ធលើប្រាក់បៀវត្សត្រូវទុកជានិរាករណ៌។