សវនកម្មគ្រឹះស្ថានធនាគារ

ធនាគារជាតិនៃកម្ពុជាចេញ ប្រកាសស្តីពី សវនកម្ម ចំពោះគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ចុះថ្ងៃទី១៤ ខែវិចិ្ឆកា ឆ្នាំ២០១៧។

បទបញ្ញត្តិសំខាន់ៗនៃប្រកាសមានដូចតទៅ៖

ក្រុមហ៊ុន ដែលមានបំណងធ្វើសវនកម្មលើគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ត្រូវដាក់ពាក្យស្នើសុំការទទួលស្គាល់ពីធនាគារជាតិនៃកម្ពុជា។

ក្រុមហ៊ុនដែលដាក់ពាក្យស្នើសុំការទទួលស្គាល់ពីធនាគារជាតិនៃកម្ពុជា ត្រូវមានគុណវុឌ្ឍិ ដូចខាងក្រោម៖

 1. បានចុះបញ្ជីពាណិជ្ជកម្ម
 2. ជាសមាជិកវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.)
 3. មានអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈសវនកម្មពីក្រុមប្រឹក្សាជាតិគណនេយ្យនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
 4. មានដៃគូសវនកម្ម និងសវនករ ជាសមាជិកសកម្ម នៅ វ.គ.ស.ក. យ៉ាងតិច ០២ (ពីរ) រូបដែលមានគុណវុឌ្ឍិដូចមានចែងក្នុងប្រការ ៧
 5. មានសកម្មភាពធុរកិច្ចសវនកម្ម និងមានកេរ្តិ៍ឈ្មោះល្អ យ៉ាងតិច ០៣ (បី) ឆ្នាំ គិតមកដល់ថ្ងៃដាក់ពាក្យស្នើសុំ
 6. មានការពិនិត្យគុណភាពការងារសវនកម្មជាប្រចាំ និង
 7. បំពេញលក្ខខណ្ឌផ្សេងទៀត ដែលតម្រូវដោយធនាគារជាតិនៃកម្ពុជា។

ដៃគូសវនកម្ម និងសវនករ ដែលជាសមាជិកសកម្មរបស់ វ.គ.ស.ក. ត្រូវមានគុណវុឌ្ឍិបន្ថែម ដូចខាងក្រោម៖

 1. ជាបុគ្គលដែលមានលក្ខណៈសម្បត្តិស្របតាមលក្ខខណ្ឌវិនិច្ឆ័យត្រឹមត្រូវនិងសមស្រប
 2. បំពេញលក្ខខណ្ឌនៃភាពមិនលំអៀងនិងឯករាជ្យភាព ស្របតាមក្រមសីលធម៌ដែលប្រកាសឲ្យប្រើដោយស្ថាប័នមានសមត្ថកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា
 3. មានបទពិសោធន៍យ៉ាងតិច ០៣ (បី) ឆ្នាំ ក្នុងការងារសវនកម្មនៅក្នុងវិស័យធនាគារ និង
 4. មានចំណេះដឹង និងសមត្ថភាពគ្រប់គ្រាន់ពាក់ព័ន្ធនឹងក្របខ័ណ្ឌបទប្បញ្ញត្តិ និងការគ្រប់គ្រងហានិភ័យក្នុងវិស័យធនាគារ។

ក្រុមហ៊ុន ត្រូវមានកាតព្វកិច្ច ដូចខាងក្រោម៖

 1. ធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់សវនដ្ឋាន
 2. វាយតម្លៃលើរបាយការណ៍ផ្សេងទៀតរបស់សវនដ្ឋាន ដែលតម្រូវដោយធនាគារជាតិនៃកម្ពុជា
 3. រាយការណ៍ជាបន្ទាន់មកធនាគារជាតិនៃកម្ពុជាអំពីភាពមិនប្រក្រតី ដែលទាក់ទងទៅនឹងអសាធនភាព ឬហានិភ័យធ្ងន់ធ្ងរដែលអាចនាំឲ្យសវនដ្ឋានឈានទៅរកអសាធនភាព ការមិនអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន និងសកម្មភាពបច្ចុប្បន្ន ឬផែនការអនាគតដែលអាចប៉ះពាល់ធ្ងន់ធ្ងរដល់កិច្ចការការពារផលប្រយោជន៍របស់អ្នកដាក់ប្រាក់បញ្ញើ និងភាគីពាក់ព័ន្ធ
 4. មិនត្រូវផ្តល់ដល់សវនដ្ឋាននូវ ព័ត៌មាន និងឯកសារ ដូចមានចែងក្នុងចំណុច 3 ខាងលើ
 5. រាយការណ៍មកធនាគារជាតិនៃកម្ពុជា អំពីការផ្លាស់ប្តូរបុគ្គលិកដែលពាក់ព័ន្ធនឹងការងារសវនកម្មរបស់សវនដ្ឋានដោយមិនបានគ្រោងទុក ក្នុងអំឡុងពេលធ្វើសវនកម្ម
 6. ផ្តល់ឯកសារលទ្ធផលនៃការពិនិត្យគុណភាពការងារសវនកម្ម ជូនមកធនាគារជាតិនៃកម្ពុជាតាមការតម្រូវ
 7. ជូនដំណឹងមកធនាគារជាតិនៃកម្ពុជានូវព័ត៌មាន ដែលបានធ្វើបច្ចុប្បន្នកម្មទាក់ទងទៅនឹងការផ្លាស់ប្ដូរសំខាន់ៗ រួមមាន ការផ្លាស់ប្តូរជាន់ខ្ពស់ និង
 8. ផ្តល់ឯកសារ ឬព័ត៌មានផ្សេងទៀតដែលតម្រូវដោយធនាគារជាតិនៃកម្ពុជា។

 

ក្នុងករណីមានការធ្វើសវនកម្មពិសេស ក្រុមហ៊ុនត្រូវផ្តល់របាយការណ៍សវនកម្មពិសេសនេះ ជូនធនាគារជាតិនៃកម្ពជា និងក្រុមប្រឹក្សាភិបាលរបស់សវនដ្ឋាន។

បើគ្មានការកំណត់ផ្សេងពីធនាគារជាតិនៃកម្ពុជា ក្រុមហ៊ុនត្រូវផ្តល់ការធានាសមស្រប (reasonable assurance) លើរបាយការណ៍សវនកម្មពិសេស និងជូនដំណឹងទៅសវនដ្ឋានជាលាយលក្ខណ៍អក្សរ។

ក្នុងគោលបំណងពង្រឹងគុណភាពសវនកម្ម និងតាមដានពីភាពរឹងមាំនៃប្រតិបត្តិការនិងការអនុវត្តតាមបទប្បញ្ញត្តិរបស់សវនដ្ឋាន ធនាគារជាតិនៃកម្ពុជាអាចរៀបចំកិច្ចប្រជុំរួមជាមួយសវនដ្ឋាន និងក្រុមហ៊ុន ដើម្បីពិភាក្សាលើរបាយការណ៍សវនកម្ម ការរកឃើញពីភាពមិនប្រក្រតី និងបញ្ហាផ្សេងទៀត។ ក្រៅពីកិច្ចប្រជុំនេះកិច្ចប្រជុំរវាងធនាគារជាតិនៃកម្ពជា ជាមួយក្រុមហ៊ុន អាចធ្វើឡើងតាមការចាំបាច់។

ក្រុមហ៊ុន ត្រូវគោរពតាមបទប្បញ្ញត្តិ ដូចខាងក្រោម៖

១. ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិសម្រាប់កម្ពុជា ដែលបានអនុម័តឲ្យប្រើនៅព្រះរាជាណាចក្រកម្ពុជា

២. ស្តង់ដារសវនកម្មដែលបានអនុម័តឲ្យប្រើនៅព្រះរាជាណាចក្រកម្ពុជា

៣. ក្រមសីលធម៌ និង

៤. ច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងៗ។

ក្រុមហ៊ុនដែលទទួលស្គាល់ពីធនាគារជាតិនៃកម្ពុជា មិនត្រូវធ្វើសវនកម្មចំពោះសវនដ្ឋាន ប្រសិនបើក្រុមហ៊ុន៖

១. មានទំនាក់ទំនងសំខាន់ផ្នែកហិរញ្ញវត្ថុ និង/ឬ សេដ្ឋកិច្ច ដោយផ្ទាល់និងដោយប្រយោលជាមួយសវនដ្ឋាន

២. មានសមាជិកគ្រួសារផ្ទាល់ជា ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង ប្រធានសវនកម្មផ្ទៃក្នុងប្រធានមុខងារប្រតិបត្តិតាម ប្រធានហិរញ្ញវត្ថុ និងបុគ្គលិកជាន់ខ្ពស់ពាក់ព័ន្ធផ្សេងទៀតរបស់សវនដ្ឋាន ឬ

៣. ទទួលអត្ថប្រយោជន៍ផ្ទាល់ ឬប្រយោលពីសវនដ្ឋាន និង/ឬ មានទំនាក់ទំនងផ្សេងទៀតដែលធនាគារជាតិនៃកម្ពុជាយល់ថា អាចបង្កឲ្យមានទំនាស់ផលប្រយោជន៍។

ក្រុមហ៊ុន មិនត្រូវផ្តល់ដល់សវនដ្ឋាននូវសេវា ដូចខាងក្រោម៖

 1. ការចុះកិច្ចបញ្ជិកា ឬសេវាផ្សេងទៀតទាក់ទងនឹងការកត់ត្រាគណនេយ្យ ឬរបាយការណ៍ហិរញ្ញវត្ថុ
 2. ការបង្កើតនិងការដាក់ឲ្យដំណើរការប្រព័ន្ធព័ត៌មានវិទ្យាផ្នែកហិរញ្ញវត្ថុ
 3. សេវាសវនកម្មផ្ទៃក្នុង
 4. សេវាប្រឹក្សាផ្នែកពន្ធ និង
 5. សេវាផ្សេងៗដែលធនាគារជាតិនៃកម្ពជាយល់ថា អាចបង្កឲ្យមានទំនាស់ផលប្រយោជន៍។

ក្នុងករណី ក្រុមហ៊ុនបានផ្តល់សេវាណាមួយដូចរៀបរាប់ខាងលើដល់សវនដ្ឋាន ក្រុមហ៊ុនមិនត្រូវចុះកិច្ចសន្យាសវនកម្មជាមួយសវនដ្ឋាននោះឡើយ លើកលែងតែការផ្តល់សេវាខាងលើត្រូវបានបញ្ចប់ទៅក្នុងរយៈពេលយ៉ាងតិច 3 (បី) ឆ្នាំ សម្រាប់ចំណុច 1 និង 1 (មួយ) ឆ្នាំ សម្រាប់ចំណុចផ្សេងទៀតនៃប្រការនេះ។

ក្រុមហ៊ុន មិនត្រូវបានអនុញ្ញាតឲ្យធ្វើសវនកម្មជាបន្តបន្ទាប់លើសវនដ្ឋានតែមួយ លើសពីរយៈពេល3 (បី) ឆ្នាំឡើយ។ ប៉ុន្តែសវនដ្ឋានទាំងឡាយណាដែលជាសាខា ឬជាបុត្តសម្ព័ន្ធរបស់ធនាគារបរទេសអាចជ្រើសរើសក្រុមហ៊ុនដូចទីស្នាក់ការកណ្តាលរបស់ខ្លួនបាន ដោយគ្រាន់តែផ្លាស់ប្តូរដៃគូសវនកម្មរៀងរាល់ 3 (បី)ឆ្នាំម្តង។ ក្រុមហ៊ុន ដែលត្រូវបានប្តូរចេញពីការធ្វើសវនកម្មនៅសវនដ្ឋានណាមួយ អាចត្រឡប់ទៅបំពេញសវនកម្មលើសវនដ្ឋានដដែលនោះវិញ បន្ទាប់ពីរយៈពេល 2 (ពីរ) ឆ្នាំ ក្រោយបញ្ចប់ការបំពេញសវនកម្មលើកចុងក្រោយ។

១. សវនដ្ឋាន ត្រូវមានកាតព្វកិច្ច ដូចខាងក្រោម៖

ក. រងការធ្វើសវនកម្មប្រចាំឆ្នាំ ដោយក្រុមហ៊ុន

ខ. ជ្រើសរើសក្រុមហ៊ុន និងស្នើសុំការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា ដោយភ្ជាប់មកជាមួយនូវឈ្មោះដៃគូសវនកម្មឲ្យបានមុនថ្ងៃទី31 ខែធ្នូ នៃឆ្នាំប្រតិទិននីមួយៗ

គ. ផ្តល់កិច្ចសន្យាសវនកម្មជូនធនាគារជាតិនៃកម្ពុជាឲ្យបានយ៉ាងតិច 30 (សាមសិប) ថ្ងៃ មុនពេលចាប់ផ្តើមធ្វើសវនកម្ម

ឃ.ផ្តល់ឲ្យក្រុមហ៊ុននូវទិន្នន័យនិងព័ត៌មានទាំងអស់របស់សវនដ្ឋានទៅតាមវិសាលភាពនៃការធ្វើសវនកម្មនិងកាតព្វកិច្ចផ្នែកបទប្បញ្ញត្តិ ព្រមទាំងការណែនាំទាក់ទងនឹងការធ្វើសវនកម្មពីធនាគារជាតិនៃកម្ពុជា។ សវនដ្ឋានមិនត្រូវផ្តល់របាយការណ៍ត្រួតពិនិត្យដល់ទីកន្លែងរបស់ធនាគារជាតិនៃកម្ពុជាដល់ក្រុមហ៊ុន លើកលែងតែមានការអនុញ្ញាតជាមុនពីធនាគារជាតិនៃកម្ពុជា

ង. អនុញ្ញាតឲ្យក្រុមហ៊ុនសាកសួរព័ត៌មានពី ក្រុមប្រឹក្សាភិបាល គណៈកម្មការ សវនករផ្ទៃក្នុង បុគ្គលិកពាក់ព័ន្ធតាមការចាំបាច់ និងអាចទទួលព័ត៌មានសំខាន់ៗផ្សេងទៀត ដើម្បីបំពេញការងាររបស់ខ្លួន ស្របតាមប្រកាសនេះ

ច. ធានាថាគណៈកម្មការសវនកម្មរបស់ខ្លួន ត្រូវពិនិត្យឡើងវិញលើកិច្ចសន្យាសវនកម្មរៀងរាល់ឆ្នាំរួមទាំងការវាយតម្លៃពីឯករាជ្យភាពរបស់ក្រុមហ៊ុន

ឆ. ធានាថាប្រធានសវនកម្មផ្ទៃក្នុងរបស់ខ្លួន ត្រូវចូលរួមកិច្ចប្រជុំរួមរវាង ធនាគារជាតិនៃកម្ពុជាសវនដ្ឋាន និងក្រុមហ៊ុន លើកលែងតែមានការកំណត់ផ្សេងទៀតពីធនាគារជាតិនៃកម្ពុជា និង

ជ. ផ្តល់ជូនក្រុមប្រឹក្សាភិបាលនិងគណៈកម្មការសវនកម្មរបស់សវនដ្ឋាន និងធនាគារជាតិនៃកម្ពុជានូវរបាយការណ៍សវនកម្ម ព្រមទាំងឯកសារពាក់ព័ន្ធសំខាន់ៗផ្សេងទៀត។