ច្បាប់នេះមានគោលដៅកំណត់គោលការណ៍ បទប្បញ្ញត្តិបច្ចេកទេសសំណង់ វិធាន និងនីតិវិធីក្នុងការគ្រប់គ្រងវិស័យសំណង់ក្នុងព្រះរាជាណាចក្រកម្ពុជា។
បទប្បញ្ញត្តិបច្ចេកទេសសំណង់
រាល់ការងារសំណង់ត្រូវអនុលោមតាមបទប្បញ្ញត្តិបច្ចេកទេសសំណង់។
ការត្រួតពិនិត្យអនុលោមភាពតាមបទប្បញ្ញត្តិបច្ចេកទសសំណង់ត្រូវអនុវត្តដោយអ្នកត្រួតពិនិត្យ និងបញ្ជាក់ដោយមានអាជ្ញាបណ្ណឬការអនុញ្ញាតផ្តល់ដោយក្រសួងរៀបចំផែនដី នគរូបនីយកម្ម និងសំណង់
រាល់សំណង់ត្រូវមានគ្រឿងផ្គុំដែលអាចទ្ររាល់បន្ទុកបានប្រកបដោយសុវត្ថិភាព ទៅតាមមុខងារប្រើប្រាស់របស់សំណង់ ដូចមានកំណត់បទប្បញ្ញត្តិបច្ចេកទេសសំណង់។
ការគ្រប់គ្រងអ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់
រូបវន្តបុគ្គលដែលអាចបំពេញមុខងារជាអ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់ ត្រូវចុះបញ្ជីនៅគណៈវិជ្ជាជីវៈពាក់ព័ន្ធនីមួយៗនៃវិស័យសំណង់
ការគ្រប់គ្រងការប្រកបវិជ្ជាជីវៈ និងការប្រកបអាជីវកម្មក្នុងវិស័យសំណង់
អ្នកវិជ្ជាជីវៈ ក្នុងវិស័យសំណត់ដែលអាចប្រកបវិជ្ជាជីវៈក្នុងវិស័យសំណង់ដោយឯករាជ្យបាន ត្រូវមានអាជ្ញាបណ្ណផ្តល់ដោយរដ្ឋមន្ត្រីក្រសួងរៀបចំផែនដី នគរូបនីយកម្ម និងសំណង់។
ការប្រើសម្ភារៈសំណង់ បរិក្ខារសំណង់ និងផលិតផលសំណង់ និងមន្ទីរពិសោធន៍សំណង់
សម្ភារៈសំណង់ បរិក្ខារសំណង់ និងផលិតផលសំណង់ដែលចាំបាច់សម្រាប់ធានាគុណភាពសំណង់ និងសុវត្ថិភាពរបស់អ្នកប្រើប្រាស់សំណង់ ត្រូវមានការបញ្ជាក់ទទួលស្គាល់ឬការបញ្ជាក់អនុលោមភាពដោយ ក្រសួងរៀបចំផែនដី នគរូបនីយកម្ម និងសំណង់ តាមបទប្បញ្ញត្តិបច្ចេកទេសសំណង់ឬតាមស្តង់ដារកម្ពុជា ដែលអនុម័តដោយក្រុមប្រឹក្សាស្តង់ដារជាតិ ដោយត្រូវមានបិទឬបោះពុម្ពសញ្ញាស្តង់ដារកម្ពុជានិងត្រូវមានអាជ្ញាបណ្ណប្រើសញ្ញាស្តង់ដារកម្ពុជា។
លិខិតអនុញ្ញាតសាងសង់ ជួសជុល ឬរុះរើ
រាល់ការងារសាងសង់ ឬរុះរើត្រូវមានការអនុញ្ញាតជាមុនដោយអាជ្ញាធរមានសមត្ថកិច្ច។
ការគ្រប់គ្រងគម្រោងប្លង់
រាល់គម្រោងប្លង់ដែលប្រើប្រាស់សម្រាប់ការងារសាងសង់ឬរុះរើត្រូវចុះហត្ថលេខាទទួលខុសត្រូវដោយអ្នកសិក្សាគម្រោងប្លង់ដែលមានអាជ្ញាបណ្ណឬការអនុញ្ញាតផ្តល់ដោយរដ្ឋមន្ត្រីក្រសួងរៀបចំផែនដី នគរូបនីយកម្ម និងសំណង់។
ការគ្រប់គ្រងការងារសាងសង់ឬរុះរើ
រាល់ការងារសាងសង់ឬរុះរើត្រូវអនុវត្តដោយអ្នកសាងសង់ដែលមានអាជ្ញាបណ្ណផ្តល់ដោយរដ្ឋមន្ត្រីក្រសួងរៀបចំផែនដី នគរូបនីយកម្ម និងសំណង់ ឬលិខិតអនុញ្ញាតផ្តល់ដោយរដ្ឋបាលរាជធានី ខេត្ត។
ការប្រើប្រាស់សំណង់
ការប្រើប្រាស់សំណង់ដែលតម្រូវឱ្យមានលិខិតអនុញ្ញាតសាងសង់ត្រូវអនុញ្ញាតដោយអាជ្ញាធរមានសមត្ថកិច្ចតាមរយៈវិញ្ញាបនបត្រប្រើប្រាស់សំណង់។
ម្ចាស់សំណង់ត្រូវស្នើសុំវិញ្ញាបនបត្រប្រើប្រាស់សំណង់ មុននឹងប្រើប្រាស់ឬដាក់ឱ្យប្រើប្រាស់សំណង់នោះ។
សំណង់ដែលមានសភាពគ្រោះថ្នាក់
ក្រសួងរៀបចំផែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មានភារកិច្ចត្រួតពិនិត្យ តាមដានរាល់សំណង់ ទាំងឡាយណាដែលមានសភាពគ្រោះថា្នក់ដើម្បីចាត់វិធានការចាំបាច់នានា ក្នុងការធានាសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។
អធិការកិច្ចសំណង់
រដ្ឋមន្រ្តីក្រសួងរៀបចំផែនដី នគរូបនីយកម្ម និងសំណង់តែងតាំងមន្រ្តីអធិការកិច្ចសំណង់ ដើម្បីចុះតាមដាន អង្កេត ស្រាវជ្រាវ ត្រួតពិនិត្យ ប្រមូលភស្តុតាង និងជំរុញការអនុវត្តច្បាប់នេះ។
ព័ត៌មានដែលបានផ្តល់នៅទីនេះ គឺសម្រាប់គោលបំណងព័ត៌មានតែប៉ុណ្ណោះ ហើយមិនមានបំណងបង្កើតជាដំបូន្មានវីជ្ជាជីវៈឡើយ។
ប្រសិនបើលោកអ្នកត្រូវការព័ត៌មានបន្ថែម ឬការគាំទ្រណាមួយទាក់ទងនឹងព័ត៌មានខាងលើសូមទាក់ទងមកយើងខ្ញុំតាមរយៈ 085 36 8888 / 070 399 888 admin@advancegroupkh.com ។
Share this: